(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់លោក ថន សុវណ្ណា អភិបាលថ្មី នៃគណៈអភិបាលស្រុកលើកដែក ឱ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បន្តកែលម្អការផ្តល់សេវាសាធារណៈ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ការណែនាំនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកលើកដែកថ្មី នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
លោក ថន សុវណ្ណា ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកលើកដែក ជំនួសលោក ចាប ច័ន្ទវិទ្យា ដែលត្រូវផ្លាស់ប្តូរទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង។
ក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្តឱ្យអភិបាលស្រុកថ្មី យកបទពិសោធន៍ល្អៗពីការងារនៅមូលដ្ឋានចាស់មកអនុវត្តនៅមូលដ្ឋានថ្មី និងបំពេញតួនាទី ភារកិច្ចដោយខ្ជាប់ខ្ជួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ អភិបាលស្រុកថ្មីត្រូវបន្តតាមដានសភាពការណ៍ក្នុងមូលដ្ឋានឱ្យបានច្បាស់ ដើម្បីពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកឱ្យយកចិត្តទុកដាក់លើការបង្ការគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសតាមប្រព័ន្ធអនឡាញ (Online Scam) ព្រមទាំងបន្តកែលម្អសេវាសាធារណៈឱ្យបានឆាប់រហ័ស ប្រសិទ្ធភាព និងមានតម្លាភាព។
ក្នុងការអភិវឌ្ឍមូលដ្ឋាន រដ្ឋបាលស្រុកត្រូវធានាថា គម្រោងសំណង់នានាមានគុណភាព ស្របតាមស្តង់ដារ អនុវត្តបានទាន់ពេលវេលា និងមានតម្លៃសមស្រប។
លើសពីនេះ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន អំពីការប្រើប្រាស់កម្មវិធី App NoDrug ដើម្បីចូលរួមផ្តល់ព័ត៌មានអំពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានទៅកាន់សមត្ថកិច្ច ដោយរក្សាការសម្ងាត់។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ការផ្ទេរ និងទទួលមុខតំណែង គឺជាការបន្តកាតព្វកិច្ច និងបេសកកម្មដឹកនាំ ដើម្បីធានាភាពរឹងមាំ និងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ តួនាទីជាអភិបាលស្រុក មិនមែនគ្រាន់តែជាតំណែងប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីសេចក្តីទុកចិត្ត ដែលទាមទារឱ្យអ្នកកាន់តំណែងមានឆន្ទៈ ភាពជាអ្នកដឹកនាំ និងសេចក្តីស្មោះត្រង់ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
ឯកឧត្តមបានរំពឹងថា លោក ថន សុវណ្ណា នឹងបន្តខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវ ដើម្បីរួមចំណែកកសាងស្រុកលើកដែកឱ្យកាន់តែមានស៊ីវិល័យ សុវត្ថិភាព និងសុខដុមរមនាជូនប្រជាពលរដ្ឋ៕
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

