(កំពង់ស្ពឺ)៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ បានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីចោរកម្មចំនួន ២នាក់ ក្រោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានសកម្មភាពលួចទ្រព្យសម្បត្តិជាបន្តបន្ទាប់ក្នុងមូលដ្ឋាន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រឃុំក្រាំងចេក និងឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តតាមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ។
តាមសមត្ថកិច្ច មុខសញ្ញាដែលឃាត់ខ្លួនបានទាំង២នាក់ រួមមាន៖
ទី១. ឈ្មោះ ឡេង កែវ ហៅ «ប៉ោង» ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ។ តាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ធ្លាប់ធ្វើសកម្មភាពលួចមាន់របស់ប្រជាពលរដ្ឋចំនួន៦លើក។
ទី២. ឈ្មោះ វ៉ាន់ វុទ្ធី ហៅ «វ៉ិច» ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្មីទម្លាប់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបានឆ្លើយសារភាពថា ធ្លាប់ធ្វើសកម្មភាពលួចទូរស័ព្ទ មាន់ អង្ករ និងសម្ភារៈផ្សេងៗជាច្រើន។
សមត្ថកិច្ចក៏បានឱ្យដឹងថា មុខសញ្ញាទាំង២ ត្រូវបានសង្ស័យថាមានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាដែលទើបចេញពីពន្ធនាគារ។
បច្ចុប្បន្ន ជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ កំពុងកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធីច្បាប់៕

