(កំពង់ស្ពឺ)៖ បុរសវ័យ ២៦ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីផ្ទុះកំហឹងដោយសារសុំលុយម្តាយមិនបាន រួចប្រើហិង្សាវាយម្តាយបង្កើតជាច្រើនដៃ និងយករនាស់ដែកវាយបន្ថែម បណ្តាលឱ្យស្ត្រីរងគ្រោះវ័យ ៧០ឆ្នាំ រងរបួសបែកក្បាលធ្ងន់ធ្ងរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១៖០០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្ទះឈ្មោះ អ៊ូ ឡុក ស្ថិតក្នុងភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
តាមព័ត៌មានពីសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡុំ វុទ្ធិ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពប្រើអំពើហិង្សាលើម្តាយបង្កើតឈ្មោះ ឡេង ម៉ាក់ ភេទស្រី អាយុ ៧០ឆ្នាំ ដោយវាយចំនួន ៤ដៃ និងយករនាស់ដែកវាយបន្ថែម បណ្តាលឱ្យរងរបួសបែកក្បាលផ្នែកខាងមុខ។
ក្រោយទទួលបានព័ត៌មាន និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗនៅកន្លែងកើតហេតុ និងនាំមកអនុវត្តតាមនីតិវិធី។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

