(កណ្តាល)៖ រដ្ឋបាលខេត្តកណ្ដាល សហការជាមួយគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្ត កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ដល់មន្រ្តីរាជការ និងកងកម្លាំងទាំងបី នៅទូទាំងខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា រួមជាមួយ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម គ្រុយ ម៉ាឡេន អភិបាលរងខេត្តកណ្ដាល បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញផ្តល់កិត្តិយសជាអធិបតីក្នុង «សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្ត កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)» នាឱកាសនេះ។
ឯកឧត្ដម អភិបាលរងខេត្ត បានបន្តទៀតថា ខេត្តកណ្តាលក៏បាននិងកំពុងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នា បម្រើទាំងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ឆ្ពោះទៅកាន់ការសម្រេចចក្ខុវិស័យ ប្រែក្លាយខេត្តកណ្តាលជា «ខ្សែក្រវាត់គាំទ្រសន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ឡូជីស្លីក ស្បៀង និងលំនៅឋាន» ប្រកបដោយភាពស៊ីវិល័យ ភាពធន់ និងបរិយាបន្ន សំដៅលើកស្ទួយកម្រិតជីវភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់។
ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺជាសិទ្ធិមូលដ្ឋានគោលដ៏សំខាន់របស់មនុស្ស ក្នុងចំណោមសិទ្ធិសំខាន់ៗដទៃទៀតដែលត្រូវបានការពារ និងលើកកម្ពស់ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ ទន្ទឹមគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក៏បាន ដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ព្រមទាំងវិធានការ នានាតាមវិស័យ សំដៅធានាការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម និង វប្បធម៌ ក៏ដូចជាការអនុវត្តកតិកាសញ្ញាអន្តរជាតិនេះផងដែរ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយរហូតទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែង រួមជាមួយនឹងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា, បង្ហាញឱ្យឃើញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋ សមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR), ផ្សព្វផ្សាយឱ្យបានយល់ច្បាស់ពីដំណើរការការពារ និងសេចក្ដីអង្កេតសន្និដ្ឋាននៃរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌, ផ្សព្វផ្សាយជូនដល់អង្គភាពថ្នាក់ក្រោមជាតិ បានយល់កាន់តែច្បាស់ពីកតិកាសញ្ញា អន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជំរុញឱ្យមានការ ចូលរួមអនុវត្តពីអង្គភាពថ្នាក់ក្រោមជាតិផងដែរ៕

