(កណ្ដាល)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ចុះបង្ក្រាបក្រុមក្មេងទំនើង (CS) ដែលតែងតែប្រមូលផ្ដុំគ្នា និងធ្វើសកម្មភាពបង្កអសន្តិសុខនៅតាមទីសាធារណៈ ក្នុងមូលដ្ឋានឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន និងសង្កេតឃើញថា ក្រុមក្មេងទំនើងខាងលើ តែងតែប្រមូលផ្ដុំគ្នានៅតាមបណ្ដោយផ្លូវជាតិលេខ៨ និងទីតាំងសាធារណៈមួយចំនួនក្នុងមូលដ្ឋាន ដោយមានការកាន់កាំបិត និងបង្កហិង្សា ដែលបង្កឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
កម្លាំងនគរបាលបានចុះអន្តរាគមន៍ និងបង្ក្រាបសកម្មភាពរបស់ក្រុមក្មេងទំនើង ដើម្បីទប់ស្កាត់ការបង្កហិង្សា និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បានបញ្ជាក់ថា នឹងបន្តពង្រឹងការចុះត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពក្មេងទំនើងគ្រប់រូបភាព ជាពិសេសការប្រមូលផ្ដុំ កាន់អាវុធ ឬវត្ថុតាងដែលអាចបង្កគ្រោះថ្នាក់ និងសកម្មភាពបង្កហិង្សា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ អាជ្ញាធរ និងសមត្ថកិច្ច អំពាវនាវដល់យុវជន និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមគោរពច្បាប់ ជៀសវាងការប្រមូលផ្ដុំដែលអាចនាំឱ្យកើតមានអំពើហិង្សា និងរាយការណ៍ជូនសមត្ថកិច្ចនៅពេលឃើញសកម្មភាពដែលបង្កហានិភ័យដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ៕

