(កណ្តាល)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅរដ្ឋបាលខេត្តកណ្តាល សរុបជាង ២០០នាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀន នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល។
ការធ្វើតេស្តនេះធ្វើឡើងតាមការបញ្ជាផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការសហការពីស្នងការដ្ឋាននគរបាលខេត្ត មន្ទីរសុខាភិបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ។
គោលបំណងនៃការធ្វើតេស្តនេះ គឺដើម្បីធានាថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបំពេញការងារ និងបម្រើប្រជាពលរដ្ឋ គឺជាបុគ្គលដែលមានភាពស្អាតស្អំ និងគ្មានការពាក់ព័ន្ធនឹងការប្រើប្រាស់ ឬជួញដូរគ្រឿងញៀនខុសច្បាប់។
អាជ្ញាធរខេត្តកណ្តាល បានគូសបញ្ជាក់ថា ប្រសិនបើរកឃើញមន្ត្រីរូបណាមានសារធាតុញៀនក្នុងរាងកាយ នឹងត្រូវអនុវត្តវិធានការវិន័យយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ និងបទបញ្ជាជាធរមាន ដោយមិនមានការយោគយល់ ឬលើកលែងឡើយ។
រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា ការធ្វើតេស្តរកសារធាតុញៀននេះ មិនមែនធ្វើតែម្ដងនោះទេ ប៉ុន្តែនឹងត្រូវអនុវត្តជាប្រចាំ និងជាបន្តបន្ទាប់ ដើម្បីធានាថា រដ្ឋបាលសាធារណៈនៅក្នុងខេត្តកណ្តាល គឺជាស្ថាប័នដែលមានភាពស្អាតស្អំ និងគ្មានគ្រឿងញៀនជាដាច់ខាត៕

