(បន្ទាយមានជ័យ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ) ដោយឃាត់ខ្លួនជនសង្ស័យសរុប ៤នាក់ ក្រោយធ្វើសកម្មភាពលើជនរងគ្រោះនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
ករណីនេះបានកើតឡើងនៅចំណុចផ្សារតានង កាលពីវេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលបានបើកការស្រាវជ្រាវភ្លាមៗ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត បានស្រាវជ្រាវរហូតកំណត់អត្តសញ្ញាណជនសង្ស័យ។
ជាលទ្ធផល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាលើកដំបូង ហើយបន្តឃាត់ខ្លួនជនសង្ស័យ ៣នាក់ទៀត នៅថ្ងៃទី ២៤ និងទី២៥ ខែកក្កដា ឆ្នាំ២០២៦។
ក្រោយការសាកសួរ ជនសង្ស័យទាំង ៤នាក់ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពធាក់យកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

