(តាកែវ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគរុសិស្សកម្រិតបឋមសិក្សា ១២+២ ជំនាន់ទី៤០ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តតាកែវ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការជម្រុញ និងលើក ទឹកចិត្តដល់គរុសិស្សទាំងអស់ ដែលនឹងក្លាយជាគ្រូបង្រៀននៅតាមសាលាបឋមសិក្សានាពេលខាងមុខ ត្រូវខិតខំបណ្តុះបណ្តាលចំណេះដឹងដល់សិស្សឱ្យពូកែតាំងពីតូច ស្របតាមសុភាសិតខ្មែរពោលថា «ដំដែកទាន់នៅក្តៅ អប់រំកូនចៅទាន់នៅក្មេង» ជាពិសេសត្រូវបណ្តុះស្មារតីស្នេហាជាតិដល់កុមារតាំងពីកម្រិតបឋមសិក្សាទៅ។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ប្អូនៗនឹងក្លាយជាគ្រូបង្រៀន នៅតាមសាលាបឋមសិក្សានានាក្នុងពេលឆាប់ៗខាងមុខនេះ ហើយតួនាទីរបស់ប្អូនៗមិនត្រឹមតែបង្រៀនអក្សរ ឬលេខប៉ុណ្ណោះទេ ប៉ុន្តែត្រូវបណ្តុះគុណធម៌ សីលធម៌ វិន័យ ស្មារតីស្នេហាជាតិ និងការរស់នៅល្អប្រសើរដល់កុមារកម្ពុជាថែមទៀតផង។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានផ្តាំផ្ញើដល់លោកគ្រូ-អ្នកគ្រូថ្មីទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយធ្វើជាគំរូល្អដល់សិស្ស និងសហគមន៍ ត្រូវស្រឡាញ់សិស្ស ស្រឡាញ់វិជ្ជាជីវៈ និងបំពេញភារកិច្ចដោយស្មារតីទទួល ខុសត្រូវខ្ពស់ រួមចំណែកអនុវត្តចលនាសាលារៀនគំរូ និងការកែលម្អគុណភាពអប់រំ ស្របតាមគោល នយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ៕

