(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅ និងសកម្មភាពលក់ដូររបស់ប្រជាពលរដ្ឋ តាមបណ្តោយច្រាំងស្ទឹងត្រើយខាងលិច ចាប់ពីស្ពានថ្មចាស់ រហូតដល់ស្ពានដែកផ្លូវរទេះភ្លើង ក្នុងក្រុងពោធិ៍សាត់ បន្ទាប់ពីគម្រោងកែលម្អ និងចាក់ដីពង្រីកតំបន់នេះបានបញ្ចប់។
ការចុះពិនិត្យនេះ មានគោលបំណងតាមដានវឌ្ឍនភាពនៃការកែលម្អច្រាំងស្ទឹង រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងកំណត់ទីតាំងលក់ដូរឱ្យមានរបៀបរៀបរយ ដើម្បីជៀសវាងការរំលោភចិញ្ចើមផ្លូវ ដែលអាចបង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពទីក្រុង។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏មានគោលដៅអភិវឌ្ឍតំបន់នេះឱ្យក្លាយជាទីកន្លែងកម្សាន្ត និងទាក់ទាញភ្ញៀវទេសចរថ្មីមួយរបស់ខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានកោតសរសើរចំពោះក្រុមការងារដែលបានខិតខំអនុវត្តគម្រោងកែលម្អតំបន់នេះ ព្រមទាំងអំពាវនាវដល់អាជីវករទាំងអស់ឱ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន វេចខ្ចប់ និងទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ព្រមទាំងលក់ដូរដោយគោរពសណ្តាប់ធ្នាប់សាធារណៈ ដើម្បីរួមគ្នាលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់។
គម្រោងកែលម្អ និងចាក់ដីពង្រីកច្រាំងស្ទឹងត្រើយខាងលិចនេះ គឺជាផ្នែកមួយនៃផែនការមេរបស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកសោភ័ណភាពក្រុងពោធិ៍សាត់ ឱ្យក្លាយជាទីក្រុងស្អាត ទាក់ទាញ និងប្រកបដោយបរិយាកាសល្អសម្រាប់ការរស់នៅ និងទេសចរណ៍៕

