(កំពង់ចាម)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ ផ្នែកសឹករងព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្របឹងធំ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ។
ជាលទ្ធផល សមត្ថកិច្ចបានបង្ក្រាបបទល្មើសជលផលចំនួន ២ករណី នៅចំណុចស្ទឹងជ្រៅ និងស្ទឹងកំបុត ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង។
វត្ថុតាងដែលត្រូវបានបំផ្លាញ រួមមាន៖ ឧបករណ៍លូស្បៃមុង ចំនួន ៨មាត់, របាំងស្បៃមុង ប្រវែង ២៥០ម៉ែត្រ, បង្គោលចម្រឹង ចំនួន ១៣០ដើម, ចាក់លែងកូនត្រីចម្រុះ ទម្ងន់ ៥គីឡូក្រាម ចូលទៅក្នុងធម្មជាតិវិញ, រុះរើសម្រាស់ទំហំ ៣×២ម៉ែត្រ ចំនួន ២កន្លែង។
ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងការពារធនធានជលផលឱ្យមាននិរន្តរភាព៕

