(កណ្តាល)៖ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល ស្តីទី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តជ័យជំនះ ដើម្បីលើកកម្ពស់គុណភាពសេវា និងការបម្រើប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។
កិច្ចប្រជុំនេះមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធាន និងអនុប្រធានការិយាល័យ ប្រធាន អនុប្រធានមន្ទីរពេទ្យ ព្រមទាំងប្រធានផ្នែកនានានៃមន្ទីរពេទ្យបង្អែកខេត្តជ័យជំនះ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យបង្អែកខេត្តជ័យជំនះ បានរាយការណ៍អំពីវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាល ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ និងបន្តកែលម្អគុណភាពសេវាឱ្យកាន់តែមានប្រសិទ្ធភាព។ លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ដែលបានបន្តគាំទ្រទាំងផ្នែកធនធានមនុស្ស និងបច្ចេកទេស ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ បានកោតសរសើរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។
ដើម្បីបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល លោកប្រធានមន្ទីរសុខាភិបាលស្តីទី បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ រួមមាន៖
– ត្រូវរៀបចំកន្លែងទទួលអ្នកជំងឺដំបូង (Triage) ឱ្យរួចរាល់ក្នុងរយៈពេល ៧ថ្ងៃ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងបំពាក់កង់អគ្គិសនីចំនួន ២គ្រឿង សម្រាប់ដឹកជញ្ជូនអ្នកជំងឺទៅកាន់ផ្នែកព្យាបាល។
– ពង្រឹងការរៀបចំសន្តិសុខមន្ទីរពេទ្យ ដោយត្រូវមានឯកសណ្ឋានត្រឹមត្រូវ បំពាក់វិទ្យុទាក់ទង (Walkie-talkie) និងជួយសម្របសម្រួលណែនាំអ្នកជំងឺទៅកាន់ផ្នែកផ្សេងៗ។
– ធានាវត្តមានមន្ត្រីប្រចាំការនៅតាមផ្នែកនីមួយៗ ដើម្បីឆ្លើយតបសេវាបានទាន់ពេលវេលា។
– អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវត្តមានមន្ត្រី ការប្រជុំគ្លីនិកជាប្រចាំ ការផ្ញើរបាយការណ៍មកមន្ទីរ និងរៀបចំការប្រជុំប្រចាំខែដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល។
– បន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយាសមរម្យ ភាពរួសរាយរាក់ទាក់ និងការយល់ចិត្តចំពោះអ្នកជំងឺ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលស្តីទី បានបញ្ជាក់ថា ការពង្រឹងការគ្រប់គ្រង និងការលើកកម្ពស់គុណភាពសេវាសុខាភិបាល គឺជាកត្តាសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងធានាឱ្យការព្យាបាលមានប្រសិទ្ធភាព សុវត្ថិភាព និងស្តង់ដារកាន់តែប្រសើរឡើង៕

