(ស្រុកស្អាង ខេត្តកណ្តាល)៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពស្រុកស្អាង ក្រោមការដឹកនាំផ្ទាល់ពីអាជ្ញាធរស្រុក បានសហការជាមួយមន្ត្រីជំនាញនៃផ្នែករដ្ឋបាលជលផលបាសាក់ និងសង្កាត់រដ្ឋបាលជលផលស្អាង បើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងក្តៅគគុក។
ក្នុងប្រតិបត្តិការជាក់ស្តែងនេះ ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យលើផ្ទៃទឹកក្នុងភូមិសាស្ត្រចំនួន ៤ភូមិ រួមមាន៖
ភូមិបារែនលើ
ភូមិបារែនក្រោម
ភូមិពោធិ៍លើ
ភូមិពោធិ៍កណ្ដាល
(ស្ថិតក្នុងឃុំស្វាយប្រទាល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល)
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញឧបករណ៍នេសាទល្មើសច្បាប់ប្រភេទ «ទូកអូសលៀស» ចំនួន ០៦គ្រឿង ដែលក្រុមជនខិលខូចបានលួចលាក់ធ្វើសកម្មភាពបំផ្លាញដល់ជីវៈចម្រុះ និងពូជមច្ឆាជាតិ។
ចំពោះម្ចាស់ឧបករណ៍នេសាទទាំងនោះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពល្មើសច្បាប់នេះជាបន្តទៀត។
ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកស្អាង និងមន្ត្រីជំនាញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ស្តីពីជលផល និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដើម្បីរួមគ្នាថែរក្សាការពារធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

