មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ក្រោមការសម្របសម្រួលនីតិវិធី និងការឯកភាពពីអយ្យការអមសាលាដំបូងខេត្តកណ្តាល បានដុតកម្ទេចចោលសាច់បង្កក និងទំនិញប្រហិតសរុប ១៦,២៤០គីឡូក្រាម បន្ទាប់ពីរកឃើញនៅតាមឃ្លាំងស្តុក និងទីតាំងចែកចាយមួយចំនួនក្នុងខេត្តកណ្តាល។ ប្រតិបត្តិការដុតបំផ្លាញនេះ ត្រូវបានអនុវត្តនៅទីលានសម្រាមខណ្ឌដង្កោ ដើម្បីទប់ស្កាត់ការចរាចរទំនិញដែលអាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។
អគ្គនាយកដ្ឋាន ក.ប.ប. បញ្ជាក់ថា នឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ ធានាសុវត្ថិភាពម្ហូបអាហារ និងរក្សាបរិយាកាសប្រកួតប្រជែងដោយសុចរិត។ ជាមួយគ្នានេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍រាល់ករណីសង្ស័យពាក់ព័ន្ធនឹងទំនិញគ្មានសុវត្ថិភាព ឬប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់ តាមរយៈលេខទូរស័ព្ទ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម។

