ស្រុកអង្គស្នួល៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោងលើ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរោងក្រោយផ្ទះមួយកន្លែង ស្ថិតក្នុងភូមិព្រៃលួង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ស្រីម្នាក់) ដែលមានសារធាតុញៀនក្នុងទឹកនោម៖
១. ឈ្មោះ ថា ភក្តី ភេទប្រុស អាយុ ២៦ឆ្នាំ (ម្ចាស់ទីតាំង)។
២. ឈ្មោះ អាន តា ភេទប្រុស (ភេទទី៣) អាយុ ២៧ឆ្នាំ។
៣. ឈ្មោះ ចក់ ឌីអេលីកា ភេទស្រី អាយុ ១៦ឆ្នាំ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១កញ្ចប់មធ្យម ទម្ងន់ ១,៤៩ក្រាម, ទូរសព្ទដៃចំនួន ៣គ្រឿង, បារីអេឡិចត្រូនិច ១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ថា ភក្តី បានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនជាយូរមកហើយ និងបានប្រកបរបរជួញដូរគ្រឿងញៀននេះប្រហែល ២ខែមកហើយ។ ជនសង្ស័យបានសារភាពបន្ថែមថា គ្រឿងញៀនដែលសមត្ថកិច្ចដកហូតបាននោះ គឺខ្លួនបានទិញបន្តពីឈ្មោះ ខុន សុខា ហៅចេក និងឈ្មោះ ខុន សុភ័ក្ត ដើម្បីយកមកលក់បន្ត និងប្រើប្រាស់ជាមួយគ្នា។
ដោយឡែក ជនសង្ស័យចំនួន ២នាក់ទៀត ដែលឈ្មោះ ថា ភក្តី បានរាយការណ៍ថាជាអ្នកផ្គត់ផ្គង់គ្រឿងញៀន គឺឈ្មោះ ខុន សុភ័ក្ត និងឈ្មោះ ខុន សុខា ហៅចេក បានរត់គេចខ្លួនបាត់ស្រមោលនៅពេលសមត្ថកិច្ចចុះទៅដល់។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនមុខសញ្ញាដែលបានរត់គេចខ្លួនផងដែរ៕

