(បន្ទាយមានជ័យ)៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធ បានបើកប្រតិបត្តិការដេញស្ទាក់ចាប់រថយន្តសង្ស័យចំនួន ២គ្រឿង ក្រោយពីបានបុកសមត្ថកិច្ច និងព្យាយាមរត់គេចពីការត្រួតពិនិត្យ នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៥នាក់ និងចាប់យករថយន្តម៉ាក GAC GN8 ចំនួន ២គ្រឿង។ ក្នុងនោះ សមត្ថកិច្ចបានរកឃើញសម្ភារជាច្រើនដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) រួមមាន ទូរស័ព្ទដៃ ១៥៥គ្រឿង កុំព្យូទ័រ ម៉ូនីទ័រ ធុង CPU និងឧបករណ៍ផ្ទុកទិន្នន័យផ្សេងៗ។
លើសពីនេះ សមត្ថកិច្ចក៏បានដកហូតកាំភ្លើងខ្លីម៉ាក ZORAKI MOD 914-T ចំនួន ១ដើម មានគ្រាប់ចំនួន ៧គ្រាប់ ព្រមទាំងដំបងដែករលាស់ ១ដើមផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតកសាងសំណុំរឿង និងបន្តនីតិវិធីតាមផ្លូវច្បាប់៕

