(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៥០នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ពួនស្ទាក់ បង្រ្កាបបទល្មើស លួចឆក់ប្លន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចផ្លូវលេខ២៧១ (មុខពេទ្យសហព័ន្ធរុស្ស៊ី) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្ស័យពាក់ព័ន្ធនឹងករណីលួចម៉ូតូចំនួន ០១គ្រឿង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ពៅ សុភ័ណ្ឌ ភេទប្រុស អាយុ ៣១ឆ្នាំ។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៩៖៥០នាទី កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ត្រង់ចំណុចផ្លូវលំ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញម៉ូតូចោរ) ជនសង្ស័យមានឈ្មោះ ឡេង ដារ៉ា ហៅចិន ភេទប្រុស អាយុ៣២ឆ្នាំ។
សម្ភារដកហូត រួមមាន៖ ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ផ្លាកលេខ 1FR-6260 (របស់ជនរងគ្រោះ) ម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ 1BK-9616 ស្លាកលេខក្លែងក្លាយ(របស់ជនរងគ្រោះ)។ ម៉ូតូចំនួន ០២គ្រឿងខាងលើ កម្លាំងជំនាញបានធ្វើការប្រគល់ជូនទៅជនរងគ្រោះវិញហើយ។
បច្ចុប្បន្នកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យ និងសម្ភារខាងលើមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងតាមនីតិវិធី៕

