(ភ្នំពេញ)៖ ដោយទទួលបានបទបញ្ជា និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅវេលាយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនរគរបាលជាតិ ទទួលបន្ទុកផែននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងក្រោមការរដឹកនាំសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង លោកស្រី ស៊ូ សុជាតា និងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងជំនាញនៃនាយកដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងឡោមព័ទ្ធទីតាំងហាងចំនួន ០២កន្លែង ដែលទី១មានឈ្មោះ «មហាលាភ ដំណាក់ធំ » មានទីតាំងស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២ឈ្មោះ «អាហារដ្ឋាន គន្ធី 9999» មានទីតាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន(ពេស្យាចារកុមារ)។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន ៦០នាក់ (ប្រុស០២នាក់) ក្នុងនោះមានអនីតិជនប្រហែល ១០នាក់ ដើម្បីធ្វើការសាកសួរ និងកំណត់អត្តសញ្ញាណ។

បច្ចុប្បន្នជនរងគ្រោះ និងអ្នកពាក់ព័ន្ធ ត្រូវបានបញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី។ ចំពោះជនរងគ្រោះបន្ទាប់ពីបញ្ចប់ការសាកសួររួចរាល់នឹងត្រូវបញ្ជូនទៅកាន់មន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីទទួលបានការគាំពារ និងកិច្ចគាំទ្រនានាតាមផ្លូវច្បាប់ ចំណែកជនសង្ស័យនឹងត្រូវបញ្ជូនទៅតុលាការ។

អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន សូមក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមអនុវត្តច្បាប់ និងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់អនីតិជនក្នុងគ្រប់ទម្រង់នៃកេងប្រវ័ញ្ចផ្លូវភេទ និងការងារធ្ងន់ធ្ងរឡើយ។

សកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើអនីតិជន នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាព និងអនាគតរបស់កុមារកម្ពុជាអនុលោមតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។

សូមរាយការណ៍មកលេខទូរស័ព្ទទាន់ហេតុការណ៍ ១២៨៨ ក្នុងករណីសង្ស័យមានអំពើកេងប្រវ័ញ្ចគ្រប់ទម្រង់លើអនីតិជន៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed