(ហូជីមិញ)៖ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ ប៉ូលិសក្រុងហូជីមិញបានបង្រ្កាបបណ្តាញផលិតគ្រឿងផ្សំអាហារក្លែងក្លាយទ្រង់ទ្រាយធំមួយ ដែលបានផលិត និងលក់ប៊ីចេងក្លែងក្លាយជាង ៤ តោន ក្រោមម៉ាក Ajinomoto។
អ្នកស្រី Duong Thi Yen Oanh ដែលជាមេខ្លោង និងបក្ខពួក ០២នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ និងឃុំខ្លួនដោយនាយកដ្ឋានប៉ូលិសសេដ្ឋកិច្ចនៃប៉ូលិសទីក្រុងហូជីមិញ ពីបទរៀបចំការផលិត និងលក់ទំនិញក្លែងក្លាយ។
ការស៊ើបអង្កេត បានបង្ហាញថា ចាប់ពីដើមឆ្នាំរហូតដល់ពេលនេះ ក្រុមនេះបានទិញប៊ីចេងដែលមិនមានការគ្រប់គ្រង និងមិនស្គាល់អត្តសញ្ញាណរាប់តោនពីទីផ្សារ បន្ទាប់មកវេចខ្ចប់វាឡើងវិញក្នុងថង់ Ajinomoto ក្លែងក្លាយ ដោយផលិតផលជាង ៤ តោន ត្រូវបានចែកចាយទៅកាន់ហាង និងហាងលក់គ្រឿងទេសនៅទីក្រុងហូជីមិញ។
ក្នុងអំឡុងពេលឆែកឆេរ ប៉ូលិសបានរឹបអូសកញ្ចប់ប៊ីចេងក្លែងក្លាយម៉ាក Ajinomoto ចំនួន ៣០៥ កញ្ចប់, ថង់វេចខ្ចប់ក្លែងក្លាយជាង ២៣,០០០ កញ្ចប់, វត្ថុធាតុដើមប្រហែល ៧០ គីឡូក្រាម រួមជាមួយនឹងរបស់របរ និងឧបករណ៍ជាច្រើនទៀតដែលប្រើប្រាស់ក្នុងដំណើរការផលិតដូចជា ជញ្ជីងអេឡិចត្រូនិច និងឧបករណ៍ដែលប្រើសម្រាប់វេចខ្ចប់ឡើងវិញ ។
ទីភ្នាក់ងារស៊ើបអង្កេតបានកំណត់ថា ការផលិត និងការលក់សារធាតុបន្ថែមអាហារក្លែងក្លាយ មិនត្រឹមតែរំលោភលើសិទ្ធិបញ្ញារបស់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ បរិយាកាសអាជីវកម្ម និងសណ្តាប់ធ្នាប់គ្រប់គ្រងសេដ្ឋកិច្ចផងដែរ៕

