(បន្ទាយមានជ័យ)៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីវាយ កាប់ចាក់គ្នានៅចំណុចផ្សារអគារថ្មី ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃសុក្រកន្លងទៅ។

ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួនមានចំនួន ០៣នាក់ រួមមាន៖ ១-ឈ្មោះ សាក់ សុខនិត ភេទប្រុស អាយុ ១៧ឆ្នាំ ២-ឈ្មោះ ជុំ សុខគួន ភេទប្រុស អាយុ ១៩ឆ្នាំ និង៣-ឈ្មោះ ទិត្យ ផានណេត ភេទប្រុស អាយុ ២៤ឆ្នាំ ជនសង្ស័យទាំង ០៣នាក់ រស់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ មានមុខរបរមិនពិតប្រាកដ (ពួកគេមានសារធាតុញៀនក្នុងទឹកនោម)។

ការឃាត់ខ្លួនជនសង្ស័យខាងលើ នគរបាលធ្វើឡើង ក្រោយពីមានពលរដ្ឋម្នាក់ឈ្មោះ ប៉ាវ សុពន្លក ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មុខរបរអ្នកបើកឡានឈ្នួល បានមកប្តឹងថា ខ្លួន និងមិត្តភក្តិកំពុងអង្គុយលេង ស្រាប់តែត្រូវក្មេងស្ទាវមួយក្រុម យកថ្មមកគប់និងប្រើហឹង្សាលើខ្លួនបណ្តាលឱ្យរបួស។

ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះ កាលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង ០៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើហិង្សា និងយកដុំថ្មគប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កំពុងត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed