អគារដ៏មហិមា អត់មានច្បាប់អនុញ្ញាត តែអាចសាងសង់លើដីច្រាំងទន្លេ ដែលជាសម្បត្តិរបស់រដ្ឋ ជិតរួចរាល់ទៅហេីយ មិនសមណាអាជ្ញាធរស្រុកនិងមេឃុំអត់ដឹង រីឯប្រធានភូមិបាលស្រុកស្អាង គេចវេសមិនទទួលឆ្លេីយតបសំនួរអ្នកសារព័ត៌មាន.!?

 

(ស្រុកស្អាង) បេីយេីងធ្វេីដំណេីរមកតាមផ្លូវជាតិលេខ២១ ជិតដល់ស្ពានលេខ៧ ក្នុងសង្កត់រកាខ្ពស់ ក្រុងតាខ្មៅ ហេីយឆ្លងដរទៅត្រេីយខាងកេីត ក្នុងភូមិបារ៉ែនលេី ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល យេីងនឹងឃើញអគារមួយខ្នងដ៏មហិមា សាងសង់នៅលេីដីច្រាំងទន្លេរបស់រដ្ឋ បង្អួតរាងយ៉ាងសង្ហា ហាក់បីដូចជាមានតែមួយ គ្មានពីរនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

 

បេីយោងតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់មកអង្គភាពយេីងឲ្យដឹងថា អគារមួយនេះ គឺជារបស់ប្អូន ឯកឧត្តមចូលនិវត្តន៍ ម្នាក់ នៅភ្នំពេញ ហេីយបានមកសាងសង់នៅចំណុចច្រាំងទន្លេនេះ ជិតរួចរាល់ស្ថាពរបានប្រហែល60-70ភាគរយទៅហេីយ តែមិនដឹងមានច្បាប់ឬក៏អត់នោះទេ? តែបេីតាមដឹង ដីច្រាំងទន្លេនៅចំណុចនេះ គឺជាដីសម្បត្តិរបស់រដ្ឋ គ្មានប្រជាពលរដ្ឋសាមញ្ញណា មានសិទ្ធិអាចសាងសង់សំណង់រឹងមាំបាននោះទេ តែឆ្ងល់ថា ហេតុអ្វីអគារមួយនេះអាចសាងសង់បានដោយរលូនបែបនេះ ឬក៏ម្ចាស់អគារមួយនេះ មានសិទ្ធិអំណាច ខ្លាំងជាងអាជ្ញាធរទៅទៀតនោះ?

 

ពាក់ព័ន្ធបញ្ហានេះ អង្គភាពយើងក៏បានធ្វើការទំនាក់ទំនងតាមរយះលេខទូរស័ព្ទទៅកាន់លោក វ៉ន សារ៉ន មេឃុំស្វាយប្រទាល ដេីម្បីសុំធ្វើបទសំភាសន៍ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ អំពីបញ្ហាដែលប្រជាពលរដ្ឋ បានផ្តល់មកខាងដូចខាងលើ លោកមេឃុំបានឆ្លេីយប្រាប់មកកាន់អង្គភាពយេីងថា ចំពោះទីតាំងអគារនេះ ឮថា គេកំពុងរត់ច្បាប់ ខាងភូមិបាលស្រុក ទេីបតែបានមកជួបលោកកាលពីថ្ងៃសុក្រ ចំពោះសំនួរសួរថា បើមិនទាន់មានច្បាប់អនុញ្ញាត ចុះហេតុអ្វីអគារនេះអាចសាងសង់បានប្រហែល60-70ភាគរយបែបនេះ? លោកមេឃុំបានប្រាប់បន្តថា លោកធ្លាប់បានទៅណែនាំ និងបានប្រាប់មេភូមិឲ្យទៅប្រាប់គាត់(ម្ចាស់អគារ)ឲ្យរត់ច្បាប់សិនទៅ អ៊ីចឹង”ស្មានតែ”គេធ្វេីច្បាប់រួចហើយ ដល់តែក្រោយមកនេះ ខាងភូមិបាលបានចុះមកសួរនាំ ទេីបដឹងថា មិនទាន់មានច្បាប់នៅឡើយទេ ក្រោយមកខាងឃុំបានណែនាំឲ្យម្ចាស់អគារទៅសុំច្បាប់ខេត្តសិនទៅ ព្រោះដីនៅចំណុចនេះពាក់ព័ន្ធជាដីសម្បត្តិរបស់់រដ្ឋ តែមិនដឹងថា សុំច្បាប់បានហើយឬនៅទេ។ បេីស្តាប់ប្រសាសន៍របស់លោកមេឃុំរូបនេះទៅ ដូចជាយ៉ាងម៉េចមិនដឹងទេ ទួនាទីជាអាជ្ញាធរមូលដ្ឋាន បែរជាធ្វេីមិនដឹង មិនឮកិច្ចការក្នុងមូលដ្ឋានរបស់ខ្លួនឯងបែបនេះ ហេីយប្រេីពាក្យ “ស្មានតែ”?

 

ចំណែកលោក ជឺ គឹមហៃ អភិបាលស្រុកស្អាង នៅពេលអ្នកសារព័ត៌មានយើងបានសួរសំនួរពាក់ព័ន្ធនឹងបញ្ហាច្បាប់សាងសង់អគារនេះ តាមរយៈប្រព័ន្ធតេឡេក្រាម លោកបានឆ្លើយតបមកវិញយ៉ាងខ្លីថា “ទទួល ខ្ញុំកំពុងឲ្យជំនាញចុះ”

 

រីឯលោក ចាប ពលវឌ្ឍ ប្រធានភូមិបាលស្រុកស្អាង អង្គភាពយេីងបានទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទៅលោក ដេីម្បីសូមធ្វើបទសំភាសន៍ ប៉ុន្តែលោកមិនបានលេីកទទួល ហេីយថែមទាំងបានចុចបិទទៀតផង។ យេីងក៏បានព្យាយាមទំនាក់ទំនងតាមប្រព័ន្ធទំនាក់ទំនង WhatsApp លោកបានចូលមេីល តែមិនបានឆ្លើយតបឡេីយ។ រីឯប្រព័ន្ធតេឡេក្រាមរបស់លោក មិនអនុញ្ញាតឲ្យអេតចូលបានទេ។

 

គួរកត់សម្គាល់ថា នៅក្នុងមូលដ្ឋានស្រុកស្អាង មួយរយៈនេះ គឺល្បីល្បាញណាស់ រឿងសាងសង់សំណង់មុន រត់ច្បាប់តាមក្រោយ តួរយ៉ាងដូចអគារមួយកន្លែងនៅ ផ្លូវចូលវត្តស្អាងភ្នំ ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល គឺសាងសង់ជិតរួចរាល់ទេីបបែកធ្លាយថាអត់ច្បាប់ បន្ទាប់ពីសារព័ត៌មានបានចុះផ្សាយ ទេីបបានដឹងដល់ជំនាញខេត្ត ដឹកនាំផ្ទាល់ដោយឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានចុះមកពិនិត្យផ្ទាល់និងឈានទៅដល់ការហាមឃាត់ការសាងសង់បន្ត។ តេីទាំងនេះជាចំណុចខ្ជីខ្ជាក្នុងកិច្ចការងាររបស់ជំនាញភូមិបាលស្រុក ឬក៏មានអាថ៌កំបាំងអ្វីនៅក្នុងបញ្ហាសាងសង់សំណង់បែបសុីមុនសងក្រោយបែបនេះ?

 

តាមរយៈបញ្ហានេះដែរ ពលរដ្ឋក៏សូមសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្ត សូមជួយចាត់ក្រុមការងារជំនាញខេត្ត ចុះមកត្រួតពិនិត្យ និងស៊េីបអង្កេតបញ្ហាដែលតែងតែកេីតឡេីង ពាក់ព័ន្ធការសាងសង់សំណង់អត់ច្បាប់ ក្នុងភូមិសាស្ត្រស្រុកស្អាងនេះផងទាន៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed