ខេត្តកណ្ដាល៖ យុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ២១ ក្នុងឃុំព្រែកគយ ស្រុកស្អាង កាន់តែបង្កើនកម្ដៅ និងការអនុវត្តច្បាប់តឹងរ៉ឹងជាងមុន ដោយឈានដល់ការប្រើប្រាស់ម៉ាស៊ីនកាត់ និងគ្រឿងចក្រ ដើម្បីកាយរុះរើសំណង់ការ៉ូឡាដែលចាក់រំលោភចំណីផ្លូវ។ អ្វីដែលកាន់តែហួសចិត្តនោះ គឺប្រតិបត្តិការនេះបានរំដោះផ្លាកសញ្ញាចរាចរណ៍ដ៏សំខាន់មួយឱ្យបង្ហាញរូបរាងជាថ្មី ក្រោយត្រូវម្ចាស់ទីតាំងលក់ឈើមួយកន្លែងដាក់ឈើបាំងជិតឈឹងអស់រយៈពេលយ៉ាងយូរ។
នៅព្រឹកថ្ងៃទី២៣ មីនា ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្អាង ដឹកនាំដោយលោក ឃុត ផល្លា និងលោក អេង វណ្ណឌី អភិបាលរងស្រុក ព្រមទាំងមានការចូលរួមពីលោក ទូច រស្មី នាយករងរដ្ឋបាល កងកម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំ ប្រជាការពារ និងសហការជាមួយក្រុមការងារជំនាញរបស់មន្ទីរសាធារណការខេត្ត បានបន្តចុះកាត់រុះរើសំណង់រំលោភចំណីផ្លូវតាមបណ្ដោយផ្លូវលេខ២១ ក្នុងឃុំព្រែកគយ។
ទន្ទឹមនឹងការបន្តវិធានការកាត់រុះរើផ្លាកយីហោ និងកាប់ឆ្ការមែកឈើដែលលយរំលោភចំណីផ្លូវ អ្វីដែលជាចំណុចក្ដៅគគុកថ្មីក្នុងប្រតិបត្តិការនេះ គឺអាជ្ញាធរបានប្រើប្រាស់ម៉ាស៊ីនកាត់បេតុង និងគ្រឿងចក្រ ដើម្បីកាត់ និងរុញកាយរុះរើការ៉ូឡា ដែលម្ចាស់ទីតាំងបានសាងសង់ក្រាលគ្របពីលើចិញ្ចើមផ្លូវក្នុងកម្ពស់ខុសបច្ចេកទេសជាច្រើនទីតាំង។ ការសាងសង់រំលោភចំណីផ្លូវបែបនេះ មិនត្រឹមតែបំផ្លាញសោភ័ណភាពប៉ុណ្ណោះទេ តែបានបង្កការលំបាកយ៉ាងខ្លាំងដល់អ្នកថ្មើរជើង។
ចំណុចដែលគួរឱ្យហួសចិត្តបំផុត គឺនៅទីតាំងលក់ឈើមួយកន្លែង ដោយម្ចាស់ទីតាំងបានយកឈើមកដាក់តាំងលក់លយរំលោភមកលើចំណីផ្លូវយ៉ាងអនាធិបតេយ្យ ថែមទាំងបានបិទបាំងផ្លាកសញ្ញាចរាចរណ៍ជិតឈឹង។ សកម្មភាពនេះបង្ហាញឱ្យឃើញពីការគិតតែពីប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួន ដោយមើលរំលងពីសុវត្ថិភាពសាធារណៈ ព្រោះការបិទបាំងផ្លាកសញ្ញាចរាចរណ៍ អាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទូទៅ។ ក្រោយអាជ្ញាធរចុះរុះរើ និងបញ្ជាឱ្យលើកឈើទាំងនោះចេញ ទើបផ្លាកសញ្ញាចរាចរណ៍នេះបានលេចរូបរាងឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់។
ការចុះរៀបចំសណ្ដាប់ធ្នាប់ដោយរដ្ឋបាលស្រុកស្អាងនាពេលនេះ គឺជាការពង្រឹងការអនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីលុបបំបាត់ជំងឺរ៉ាំរ៉ៃនៃការរំលោភចំណីផ្លូវធ្វើជាកម្មសិទ្ធិឯកជន។ រដ្ឋបាលស្រុកនឹងបន្តយុទ្ធនាការនេះដូចភ្លៀងរលឹម ដើម្បីរៀបចំសោភ័ណភាព និងធានាសុវត្ថិភាពសាធារណៈពិតប្រាកដជូនប្រជាពលរដ្ឋ៕

