(ខេត្តកណ្តាល) នៅថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ ២០២៦ ក្រោមប្រធានបទ«រួមគ្នាលើកកម្ពស់ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថា ម្តាយ និងទារកមានសុខភាពល្អ» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ប្រារព្ធធ្វើនៅសាលាស្រុកកណ្ដាលស្ទឹង។ ដោយមានការអញ្ជើញចូលរួមពី មន្រ្តីក្រុមប្រតិបត្តិសាខា ប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុកទាំង១៣ រួមនិងភរិយាថ្នាក់ដឹកនាំ សប្បុរសជន ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូចក្រោមអាយុ២ឆ្នាំ ស្ត្រីក្នុងវ័យរៀបការ អ្នករស់នៅជាមួយមេរោគអរដេស៍ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើននាក់។
សូមជម្រាបថាចៈ នៅក្នុងពិធីឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដោយសេចក្តីនឹករលឹកបំផុត។
ឯកឧត្ដម បន្តថាៈ ប្រធានបទ រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងបរិបទមានគ្រោះអាសន្ន ឫុគ្រោះមហន្តរាយ ដើម្បីធានាថា ទាំងម្តាយនិងទារកមានសុខភាពល្អ គឺផ្តោតទៅលើ ការលើកកម្ពស់សុខភាពរបស់ស្ត្រី ដែលជាមាតាជាអ្នកបង្កើតកូន និងសុខភាពរបស់ទារក និងកុមារ ដែលនៅពេលអនាគត ពួកគេទាំងនោះនឹងក្លាយជាពលរដ្ឋលល្អ ក្លាយជាធនធានមនុស្សដ៏ឆ្លាតវៃ មានចំណេះដឹង និងក្លាយជាសសរទ្រូងដ៏មានថាមពលរបស់ប្រទេសជាតិមាតុភូមិ។
ឯកឧត្ដមបន្ថែមថា៖ ការថែទាំសុខភាព, សុវត្ថិភាពផ្នែកសុខភាព និងប្រព័ន្ធភាពធន់ ផ្នែកសុខភាព ពិតជាមានសារសំខាន់ណាស់សម្រាប់ការកសាងជាតិ និងការឈានទៅសម្រេចឱ្យបាន ចក្ខុវិស័យឆ្នាំ២០៥០។ ដូចនេះយើងត្រូវតែនាំគ្នាវិនិយោគធនធាន និងការខិតខំប្រឹងប្រែងរបស់យើង នៅក្នុងការលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាព និងការគ្របដណ្តប់សេវាថែទាំសុខភាពជាសកល, ធ្វើឱ្យកិច្ចការទាំងនោះកាន់តែមានលក្ខណៈបរិយាបន្ន និងមានភាពធន់។ ជាការពិតណាស់ ប្រជាពលរដ្ឋ គឺជាទ្រព្យធនជា យុទ្ធសាស្ត្រ អនាគតប្រទេសជាតិយើង ត្រូវពឹងផ្អែកទៅលើទារក កុមារ និងយុវជន ជំនាន់ក្រោយនេះហើយ។
ក្នុងពិធីនេះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវអំណោយឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អាយុក្រោម ២ឆ្នាំ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន៣១២នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ៥ម៉ឺនរៀលុះ

