ខេត្តកំពត÷ ថ្មីៗនេះសំបូរមែនទែន នូវករណីរំលោភយកសម្បត្តិសាធារណៈរបស់រដ្ឋ មិនថាសមុទ្រ ទន្លេ ស្ទឹង បឹងបួរ អូរ ប្រឡាយនោះទេ គឺតែងតែមានបុគ្គលឆ្លៀតឱកាសរំលោភបំពានរហូត ហាក់មិនខ្លាចញញើតនឹងច្បាប់ទាល់តែសោះ។
ឥឡូវនេះមួយករណីទៀតហើយ គឺរបងរោងចក្រមួយកន្លែង ដែលស្ថិតនៅភូមិស្នាយអញ្ជិត ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត ត្រូវបានប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាននោះលើកឡើងថា សាងសង់រំលោភយកចំណីអូរ ស្រស់ៗតែម្ដង ហាក់មិនខ្លាចញញើត នឹងច្បាប់បន្តិចសោះតែម្ដង។
ប្រភពបានបន្តទៀតថា រោងចក្រមួយកន្លែងនេះ គឺជារោងចក្ររបស់ចិន ប៉ុន្តែមាន លោកអភិបាលរងស្រុកជុំគីរីម្នាក់ឈ្មោះ រ័ត្ន នៅ និង លោកស្រី ង៉ែត គឹមលី ហៅអ្នកគ្រូម៉ាច គឺជាអ្នករៀបចំដី ក៏ដូចជាច្បាប់ផ្សេងៗក្នុងការសាងសង់សំណង់រឹងរំលោភយកចំណីអូរនេះ។ ទីតាំងរោងចក្រនេះទៀតសោត មិនត្រឹមតែសង់របងថ្ម រំលោភយកចំណីអូរ នោះទេ គឺថែមទាំងធ្វើលូបង្ហូរទឹកចូលក្នុងអូរទៀតផង។
យោងអនុក្រឹត្យលេខ ៩៨ អនក្របក ចុះថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេររបស់រាជរដ្ឋាភិបាលកម្ពុជា នៅត្រង់មាត្រា៨ ដីចំណីមាត់ច្រាំង និងឆ្នេរ នៃតំបន់អាងទន្លេ ត្រូវកំណត់ដូចតទៅ៖ អូរ ចម្ងាយ ១០ម៉ែត្រ គិតពីមាត់ច្រាំងអូរ ហើយទីតាំងនេះគឺកំពុងរំលោភនិងអនុក្រឹត្យ ៩៨ អនក្របក របស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងច្បាស់ក្រឡែតតែម្ដង។
ជុំវិញទៅនឹងករណីនេះដែរ អង្គភាពសារព័ត៌មានយើង ក៏បានធ្វើការទំនាក់ទំនង ដើម្បីសុំការបំភ្លឺ ពីលោកស្រី គឹម សុធារី អភិបាលស្រុកជុំគិរី តាមប្រព័ន្ធតេលេក្រាម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នេះ គឺលោកស្រីចូលមើល ប៉ុន្តែមិនបានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាននោះទេ។
ហើយចំពោះ លោក រ័ត្ន នៅ អភិបាលរងស្រុកជុំគីរី និង លោកស្រី ង៉ែត គឹមលី ហៅអ្នកគ្រូម៉ាច អង្គភាពសារព័ត៌មានយើងក៏បានធ្វើការទំនាក់ទំនងសុំការបំភ្លឺ តាមប្រព័ន្ធតេឡេក្រាមដែរ ប៉ុន្តែពួកគាត់ មិនបានចូលមើល និងឆ្លើយតបនោះទេ។
ជុំវិញទៅនឹងករណីនោះដែរ ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាននោះ សូមសំណូមពរ ទៅឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សូមមេត្តាចាត់មន្ត្រីអធិការកិច្ច ចុះពិនិត្យទីតាំងរោងចក្រមួយកន្លែងនេះផង តើការសាងសង់បែបនេះ មានការប៉ះពាល់ដល់ដីចំណីអូរ ដូចដែលប្រជាពលរដ្ឋលើកឡើងដែរ ឬក៏យ៉ាងណា? និងដើម្បីការពារដីចំណីអូរ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ៕

