សេចក្តីជូនដំណឹងនៃការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងសាធារណជនឱ្យបានជ្រាបថា ដើម្បីសម្រួលដល់ការទទួលបានការងារធ្វើរបស់បងប្អូនពលករខ្មែរដែលត្រឡប់ មកពីប្រទេសថៃ ក្រសួងមិនតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ការស្នើសុំសៀវភៅការងារកម្មករ និយោជិតខ្មែរ និងការចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងសាជាថ្មី។ ក្នុងន័យនេះ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចជ្រើសរើសពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃឱ្យចូលធ្វើការដោយអាចប្រើប្រាស់ ឯកសារណាមួយ ដូចជាសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការ នៅបរទេស (លិខិតធ្វើដំណើរ-TD) ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចជំនួសឱ្យ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ថ្ងៃ ចន្ទ ២រោច ខែស្រាពណ៍ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២៥៕

