(ខេត្តកណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានសម្ដែងការស្វាគមន៍ចំពោះការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិសាស្ត្រខេត្តកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យចូលរួមពិនិត្យ និងធ្វើតេស្តជាក់ស្ដែងជាមួយក្រុមការងារបច្ចេកទេសខេត្ត ដើម្បីទទួលបានលទ្ធផលពិតប្រាកដ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជន ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកលើកដែក ខេត្តកណ្ដាល នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំស្រុកលើកដែក ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា កន្លងមកមានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់មូលនិធិឃុំ-សង្កាត់ និងក្រុង-ស្រុក។ ដូច្នេះ នៅពេលក្រុមការងារបច្ចេកទេសខេត្តចុះត្រួតពិនិត្យ អ្នកសារព័ត៌មានគួរចូលរួមពិនិត្យ និងធ្វើតេស្តជាក់ស្ដែង ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ និងផ្អែកលើលទ្ធផលបច្ចេកទេស មុននឹងធ្វើការសន្និដ្ឋាន ឬផ្សព្វផ្សាយព័ត៌មាន ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងសាធារណមតិ។
ឯកឧត្តមបានបន្ថែមថា ប្រសិនបើអ្នកសារព័ត៌មានចូលរួមត្រួតពិនិត្យគម្រោងគ្រប់ដំណាក់កាល និងផ្សព្វផ្សាយព័ត៌មានដោយគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងតម្លាភាព រដ្ឋបាលខេត្តនឹងផ្ដល់ប័ណ្ណសរសើរជូន ដើម្បីលើកទឹកចិត្តចំពោះការចូលរួមចំណែកក្នុងការកែលម្អ និងអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន ក៏បានណែនាំដល់លោក ថន សុវណ្ណា អភិបាលស្រុកលើកដែក ដែលទើបតែងតាំងថ្មី ឱ្យយកចិត្តទុកដាក់លើការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបន្តកែលម្អការផ្ដល់សេវាសាធារណៈ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា យោងតាមអនុក្រឹត្យលេខ ៧៩៧ អនក្រ.តត ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ថន សុវណ្ណា ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុកពញាឮ មកកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកលើកដែក ជំនួសលោក ចាប ចន្ទវិទ្យា ដែលត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង៕
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

