(បាត់ដំបង)៖ កម្លាំងការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៥៖៤០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួន រួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក/Ice) ចំនួន ៨កញ្ចប់ ទម្ងន់សរុប ៣១៦.៤២ក្រាម (ថ្លឹងទាំងសំបក), ស្គុតខ្មៅសម្រាប់រុំគ្រឿងញៀន ចំនួន ៨ដុំ, កំប៉ុងជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន ១, ប្រាក់ដុល្លារចំនួន ២៤០ដុល្លារ, ប្រាក់រៀលចំនួន ៣.៤៨៥.០០០រៀល, រថយន្ត ចំនួន ១គ្រឿង, ម៉ូតូ ចំនួន ២គ្រឿង, លោហៈធាតុពណ៌លឿង (ខ្សែក) ចំនួន ២ខ្សែ, លោហៈធាតុពណ៌លឿង (ក្រវិល) ចំនួន ៣, លោហៈធាតុពណ៌ស (ក្រវិល) ចំនួន ១គូ, បាយក្តាំងចំនួន ០២កញ្ចប់, ទូរស័ព្ទចំនួន ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ទុកនៅការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

