(កណ្ដាល)៖ ហេតុការណ៍លិចទូក-ងខ្នាតអន្តរជាតិ ១គ្រឿង ដែលទើបនឹងសាងសង់រួច និងមិនទាន់មានឈ្មោះ បានកើតឡើងនៅក្នុងទន្លេមេគង្គ បណ្ដាលឱ្យក្មេងប្រុសចំនួន ៣នាក់បាត់ខ្លួន ខណៈមនុស្ស ៧នាក់ទៀតបានរួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ខណៈជនរងគ្រោះចំនួន ១០នាក់ បាននាំគ្នាលើកទូក-ងខ្នាតអន្តរជាតិដែលទើបសាងសង់រួច យកមកដាក់ក្នុងទន្លេ ដើម្បីអុំសាកល្បង។
តាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា នៅពេលអុំទូកចេញពីច្រាំងប្រមាណ ៣០ម៉ែត្រ និងមានចម្ងាយប្រមាណ ៣០០ម៉ែត្រពីកំពង់ដរកោះប្រាក់ ស្រាប់តែមានទឹកផុល និងរលកធំៗ បណ្ដាលឱ្យអ្នកអុំទូកមានការភ័យស្លន់ស្លោ និងឆ្លេឆ្លានៅលើទូក។
លោកអធិការ បានបន្តទៀតថា ភ្លាមៗនោះ ទូកបានលិច ដោយអ្នកអុំទូកចំនួន ៨នាក់ បានលោតចេញពីទូកមុន ខណៈ ២នាក់ទៀតនៅលើទូក។ ក្រោយមក នៅពេលទូកលិច អ្នកទាំង ២នាក់ ក៏បានលោតចេញតាមក្រោយ។ ទូកដែលលិចបានកាត់ទទឹងនឹងសាឡង់ដឹកខ្សាច់ដែលកំពុងចតនៅក្បែរច្រាំង។
លោកអធិការ បានបញ្ជាក់ថា ក្រោយកើតហេតុ អ្នកអុំទូកចំនួន ៧នាក់ បានហែលទឹកឡើងគោកដោយសុវត្ថិភាព ខណៈ ៣នាក់ទៀតបានបាត់ខ្លួន និងមិនទាន់រកឃើញនៅឡើយ។
សូមបញ្ជាក់ផងដែរថា ភ្លាមៗក្រោយកើតហេតុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លោកស្នងការនគរបាលខេត្ត អភិបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក មេឃុំ មេភូមិ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានចុះពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុ និងដឹកនាំកិច្ចប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន។
បច្ចុប្បន្ន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកម្លាំងអន្តរាគមន៍ ៩១១ បានប្រើប្រាស់កម្លាំង និងមធ្យោបាយជាច្រើន ដើម្បីបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួនទាំង ៣នាក់៕

