(ភ្នំពេញ)៖ យុវជនប្រុសស្រីចំនួន ៣នាក់ ជិះម៉ូតូ Honda Dream គេចពីក្រុមក្មេងទំនើងដែលដេញវាយ និងគប់ដុំថ្ម បណ្ដាលឱ្យជ្រុលទៅបុករថយន្តទំនើប Rolls-Royce ពាក់ផ្លាកលេខ «កម្ពុជា BOSS.MR» ពេញទំហឹង បណ្ដាលឱ្យមនុស្ស ៣នាក់រងរបួសធ្ងន់ និងស្រាល ព្រមទាំងរថយន្តរងការខូចខាតយ៉ាងដំណំ។
ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ១០០៣ កែងផ្លូវ១៩៥៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ Honda Dream ពាក់ផ្លាកលេខ ភ្នំពេញ 1KN-1986 ជិះឌុបគ្នា ៣នាក់ ក្នុងនោះមានប្រុស និងស្រី ដោយធ្វើដំណើរក្នុងល្បឿនលឿន ដើម្បីគេចពីក្រុមក្មេងទំនើងមួយក្រុម ដែលកំពុងដេញតាមវាយ និងគប់ដុំថ្ម។
ប្រភពដដែល បានបន្តថា ខណៈម៉ូតូកំពុងជិះគេចមកដល់ចំណុចផ្លូវបំបែកជាបួន ក៏បានជ្រុលទៅបុករថយន្ត Rolls-Royce ពាក់ផ្លាកលេខ «កម្ពុជា BOSS.MR» ដែលកំពុងបើកឆ្លងកាត់ផ្លូវ ចំពីមុខពេញទំហឹង។ ការបុកនេះបានបណ្ដាលឱ្យអ្នកជិះម៉ូតូទាំង ៣នាក់ ដួលបោកទៅលើផ្លូវ និងរងរបួសធ្ងន់ស្រាល ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ជួយហៅរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

