(កណ្តាល)៖ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកមុខកំពូល បានរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្រៀនបំប៉ន និងសិស្សក្រីក្រថ្នាក់ទី១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចលនាយុវជន និងគ្រូបង្រៀន នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំគណបក្ស ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំវិស័យអប់រំ លោកនាយក នាយិកាវិទ្យាល័យ លោកគ្រូ អ្នកគ្រូបង្រៀនបំប៉ន សិស្សក្រីក្រថ្នាក់ទី១២ និងសិស្សពូកែផ្នែកគណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល ព្រមទាំង ឯកឧត្តម ចាន់ សុធី ដោយបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦។
ជាមួយគ្នានេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាសរុបចំនួន ២៨,២៥០,០០០រៀល រួមមាន៖
-លោកគ្រូ អ្នកគ្រូបង្រៀនបំប៉ន ១០៥នាក់ ម្នាក់ ១៥០,០០០រៀល (សរុប ១៥,៧៥០,០០០រៀល)។
-ក្រុមសម្របសម្រួល ១៦នាក់ ម្នាក់ ១៥០,០០០រៀល (សរុប ២,៤០០,០០០រៀល)។
-សិស្សក្រីក្រថ្នាក់ទី១២ ចំនួន ៩១នាក់ ម្នាក់ ១០០,០០០រៀល (សរុប ៩,១០០,០០០រៀល)។
-ឧបត្ថម្ភដល់គណបក្សស្រុក ១,០០០,០០០រៀល។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ក៏បានផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សពូកែផ្នែកគណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស ចំនួន ៩នាក់ ដោយជ័យលាភីលេខ១ ទទួលបាន ១,០០០,០០០រៀល, ជ័យលាភីលេខ២ ទទួលបាន ៧៥០,០០០រៀល និងជ័យលាភីលេខ៣ ទទួលបាន ៥០០,០០០រៀល៕

