(កណ្តាល)៖ ផ្លូវជាតិលេខ២៣ ដែលតភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបង្កើនប្រសិទ្ធភាពការធ្វើដំណើរ ជួយសម្រួលចរាចរណ៍ និងលើកកម្ពស់ការតភ្ជាប់តំបន់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ផ្លូវដ៏សំខាន់នេះ ឆ្លងកាត់ឃុំចំនួន ៤ រួមមាន ឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក ក្នុងស្រុកកោះធំ និង ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែងសរុប ១៩,៨៣គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ ត្រង់គល់ស្ពានកោះធំ ស្ថិតក្នុងឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់គីឡូម៉ែត្រលេខ ៥៤+២៣៣ ក្នុងឃុំពាមរាំង ស្រុកលើកដែក ដែលតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤។
គួរឱ្យដឹងដែរថា គម្រោងនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។
ការសាងសង់ផ្លូវជាតិលេខ២៣ គឺជាផ្នែកមួយនៃផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងបង្កើនសុវត្ថិភាពចរាចរណ៍ កាត់បន្ថយពេលវេលាធ្វើដំណើរ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅតំបន់ភាគខាងត្បូងនៃខេត្តកណ្តាល៕

