(កណ្ដាល)៖ ឯកឧត្តម ភួង ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះខែល និងសហការី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់បង្គន់អនាម័យជូនអនុវិទ្យាល័យកោះខែល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង។
ការចុះពិនិត្យនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំ និងការកែលម្អអនាម័យនៅតាមសាលារៀន ដើម្បីផ្តល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ក្នុងឱកាសនោះ រដ្ឋបាលឃុំកោះខែល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃអនុវិទ្យាល័យកោះខែល បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ប៉េង ពោធិ៍នា ឯកឧត្តម ភួង ភិរុណ និងសហការី ដែលតែងតែយកចិត្តទុកដាក់គាំទ្រដល់វិស័យអប់រំ និងសុខុមាលភាពរបស់សិស្សានុសិស្សនៅមូលដ្ឋាន។
ជាមួយគ្នានេះ ក៏បានបួងសួងសូមប្រសិទ្ធពរជ័យជូនឯកឧត្តម លោកជំទាវ ក្រុមគ្រួសារ និងសហការី ឱ្យជួបប្រទះតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕

