(កណ្ដាល)៖ អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចាត់តាំងកម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ ចុះសម្រួលចរាចរណ៍នៅតាមបណ្ដាគ្រឹះស្ថានអប់រំក្នុងក្រុងតាខ្មៅ។
សកម្មភាពនេះ ត្រូវបានអនុវត្តជាប្រចាំនៅពេលសិស្សានុសិស្សចូលរៀន និងចេញពីរៀន ដើម្បីសម្រួលលំហូរចរាចរណ៍ កាត់បន្ថយការកកស្ទះ និងធានាសុវត្ថិភាពជូនសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់សាលារៀន។
វិធានការនេះជាផ្នែកមួយនៃការពង្រឹងសណ្ដាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ សំដៅបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្ស និងអ្នកធ្វើដំណើរទូទៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ៕

