(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណីឃាតកម្មរំលោភសម្លាប់ស្ត្រីគ្រូពេទ្យជនជាតិចិនម្នាក់ នៅបុរីពិភពថ្មីកួរស្រូវ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងជំនាញបានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យ។
ជនរងគ្រោះមានឈ្មោះ LIN ZHA កើតថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៩ ជនជាតិចិន មុខរបរជាគ្រូពេទ្យពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ស្នាក់នៅទីតាំងកើតហេតុ ដែលស្ថិតនៅផ្ទះលេខ១៤ ផ្លូវជាតិលេខ២ បុរីពិភពថ្មីកួរស្រូវ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ អ៊ឹង ឃាង អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ និងមានទីលំនៅក្បែរកន្លែងកើតហេតុ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តការស៊ើបអង្កេត និងអនុវត្តតាមនីតិវិធីច្បាប់៕

