តាកែវ៖ រដ្ឋបាលខេត្តតាកែវ បន្តបើកចំហទ្វារទទួលស្វាគមន៍វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដោយផ្តោតលើការអភិវឌ្ឍវិស័យកសិកម្ម និងការចិញ្ចឹមសត្វ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។
នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Henan Dingyuan Breeding Cattle Co., Ltd ដឹកនាំដោយលោក Gao Yuyang អគ្គនាយករងប្រតិបត្តិ និងលោក Zhang Hongkai នាយកបច្ចេកទេស ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តតាកែវ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងសិក្សាពីសក្តានុពលវិនិយោគរបស់ខេត្តតាកែវ និងស្វែងរកឱកាសបណ្តាក់ទុនលើគម្រោងអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងបទពិសោធន៍ទំនើបៗ ជាពិសេសក្នុងវិស័យចិញ្ចឹមគោសាច់ និងវិស័យសក្តានុពលផ្សេងៗទៀត។
កិច្ចពិភាក្សានេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត ប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធ ប្រធានសាខាពន្ធដារខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត អភិបាលស្រុកត្រាំកក់ អភិបាលស្រុកបាទី ព្រមទាំងសហការីរបស់ក្រុមហ៊ុន Henan Dingyuan Breeding Cattle Co., Ltd ផងដែរ។
រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ថា ខេត្តនៅតែបន្តគាំទ្រ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់វិនិយោគិនដែលមានបំណងមកបណ្តាក់ទុន ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

