(កណ្តាល/សៀមរាប)៖ នៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស ដឹកនាំដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តធុនធ្ងន់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅ២ទីតាំងផ្សេងគ្នា ក្នុងខេត្តកណ្តាល និងខេត្តសៀមរាប។
ជាលទ្ធផល នៅលើផ្លូវជាតិលេខ៨ ត្រង់គីឡូម៉ែត្រលេខ៣០ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ១១គ្រឿង ក្នុងនោះរកឃើញរថយន្តដឹកលើសទម្ងន់ចំនួន ៣គ្រឿង ដោយ ២គ្រឿងផ្ទុកលើសទម្ងន់ ១៤តោនដូចគ្នា និង ១គ្រឿងទៀតផ្ទុកលើសរហូតដល់ ២៩តោន។
ដោយឡែក នៅលើផ្លូវជាតិលេខ៦៧ ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ២គ្រឿង ហើយរកឃើញថា ទាំង ២គ្រឿងសុទ្ធតែផ្ទុកលើសទម្ងន់អនុញ្ញាត ដោយលើសរហូតដល់ ២២តោន។
សមត្ថកិច្ចបានអនុវត្តវិធានការតាមច្បាប់ចំពោះយានយន្តល្មើសទាំងអស់ ដើម្បីធានាការអនុវត្តច្បាប់ និងការពារគុណភាពផ្លូវថ្នល់ ព្រមទាំងបន្តរឹតបន្តឹងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់នៅទូទាំងប្រទេស៕

