(តាកែវ)៖ កម្លាំងនគរបាលស្រុកអង្គរបូរី បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូសន្តោងរ៉ឺម៉ក ១គ្រឿង ក្រោយធ្វើសកម្មភាពបានមិនដល់មួយថ្ងៃ និងដកហូតវត្ថុតាងប្រគល់ជូនម្ចាស់វិញ។
ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៖២០នាទី រំលងអាធ្រាត្រ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះរបស់ឈ្មោះ ឡាយ ឆៃលី អាយុ ៤០ឆ្នាំ ស្ថិតក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ខណៈម៉ូតូសន្តោងរ៉ឺម៉កត្រូវបានចតទុកខាងមុខផ្ទះ ហើយត្រូវជនសង្ស័យលួចជិះយកទៅបាត់។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ឈ្មោះ ឡាច សុខលឿន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ និងឈ្មោះ សុត គឹមសុង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវភ្លាមៗ។ លុះដល់វេលាម៉ោង ១២៖២០នាទី ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ នៅភូមិកំពែង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រមទាំងដកហូតបានម៉ូតូសន្តោងរ៉ឺម៉ករបស់ជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនចាត់ការតាមនីតិវិធីច្បាប់ ខណៈម៉ូតូសន្តោងរ៉ឺម៉ក ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ គឺជាមុខសញ្ញាចាស់ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន និងទើបចេញពីពន្ធនាគារផងដែរ៕

