(កំពង់ស្ពឺ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានបង្ក្រាបករណីគ្រឿងញៀនមួយ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតសារធាតុញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។ ការបង្ក្រាបបានប្រព្រឹត្តទៅនៅវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិទួលបារ៉ាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
កម្លាំងប្រតិបត្តិការដឹកនាំដោយលោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ចក់ សៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរដុតឡធ្យូង មានទីលំនៅបច្ចុប្បន្ននៅភូមិដំឡូងស្យា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៥កញ្ចប់ សរុបទម្ងន់ ០.៩៦ក្រាម និងឧបករណ៍ប្រើប្រាស់ពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

