(តាកែវ)៖ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី រួមជាមួយសហការី នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មសិប្បកម្មផលិតទូកស្មាច់មួយកន្លែង ស្ថិតនៅភូមិទួលពុទ្រា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានសម្តែងការកោតសរសើរ និងគាំទ្រចំពោះម្ចាស់សិប្បកម្ម ដែលជាកូនខ្មែរបានបង្កើតអាជីវកម្មផលិតទូកស្មាច់ដោយផ្ទាល់ ព្រមទាំងលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍជំនាញ បង្កើនគុណភាពផលិតផល និងយកចិត្តទុកដាក់លើសុវត្ថិភាព ដើម្បីពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយ។
លោក កង អាណាន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឱ្យបន្តគាំទ្រ និងប្រើប្រាស់ផលិតផលដែលជាស្នាដៃកូនខ្មែរ ព្រោះការគាំទ្រនេះមិនត្រឹមតែជួយលើកស្ទួយសិប្បកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
បើតាមម្ចាស់សិប្បកម្ម បានឱ្យដឹងថា ជាមធ្យមសិប្បកម្មអាចផលិត និងលក់ទូកស្មាច់បានប្រមាណ ៦០គ្រឿងក្នុងមួយខែ។ ទូកទាំងអស់សុទ្ធសឹងជាស្នាដៃផលិតដោយកូនខ្មែរ និងមានតម្លៃចន្លោះពី ៨០០,០០០រៀល ដល់ ២,៣០០,០០០រៀល ក្នុងមួយគ្រឿង។ ក្រៅពីការផលិតសម្រាប់លក់ប្រចាំថ្ងៃ សិប្បកម្មក៏ទទួលផលិតតាមការកម្ម៉ង់ ដោយអាចធ្វើទៅតាមទំហំ និងតម្រូវការរបស់អតិថិជនផងដែរ៕

