មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមលើប្រហិតហតដក ១៤បាវ ស្មើនឹង ៤៣៤គីឡូក្រាម និងប្រហិតសាច់ក្តាម ៥កេស ស្មើនឹង ៥០គីឡូក្រាម ដែលត្រូវបានឃាត់ទុកនៅច្រកទ្វារអន្តរជាតិភ្នំដិន។
លទ្ធផលនៃការពិនិត្យបានបង្ហាញថា ទំនិញទាំងនេះដឹកជញ្ជូនមិនគោរពតាមលក្ខណៈបច្ចេកទេស ខ្វះអនាម័យ បណ្ដាលឱ្យខូចគុណភាព និងមិនមានឯកសារបញ្ជាក់ប្រភពស្របច្បាប់។ ក្រោយការឯកភាពពីសមត្ថកិច្ចចម្រុះ ទំនិញសរុប ៤៨៤គីឡូក្រាម ត្រូវបានដកហូត និងដុតកម្ទេចចោលភ្លាមៗ ដើម្បីការពារសុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ស្របតាមនីតិវិធីច្បាប់។

