(កំពង់ស្ពឺ)៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខេត្តស្រុកសាមគ្គីមុនីជ័យ កាលពីវេលាម៉ោង ៨៖៥០នាទីយប់ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ លុះដល់ចំណុចជិតវត្តព្រៃបឹង ក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ក៏បានប្រទះឃើញមនុស្ស ០២នាក់ មានសកម្មភាពគួរឱ្យសង្ស័យ ក្រោមវិធានជំនាញរបស់កម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ក៏បានហៅសួរនាំ និងធ្វើការឆែកឆេរក៏បានរកឃើញនូវសារធាតុញៀនមួយចំនួន ភ្លាមៗនោះក៏ធ្វើការឃាត់ខ្លួនជនសង្ស័យនៅនឹងកន្លែងកើតហេតុ រួចបញ្ជូនបន្តមកកាន់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យតែម្តង។
ជនសង្ស័យទាំង ០២នាក់ ដែលបានឃាត់ខ្លួនមានឈ្មោះ ភឿន ភាស់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិទួលកេះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតមានឈ្មោះ ខែម សុខនី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាហុន ឃុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ចាប់យកវត្ថុតាង រួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់, ម៉ូតូចំនួន ០២គ្រឿង (ម៉ាក Honda Dream C125 ឆ្នាំ២០២៥ ពណ៌ខ្មៅ ផ្លាកលេខ (ភ្នំពេញ 1MA-5646), ម៉ាក Honda Dream C125 ឆ្នាំ២០២៥ ពណ៌ខ្មៅ ផ្លាកលេខ (1AA-6187), ទូរស័ព្ទចំនួន ០២គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ ០១គ្រឿង ម៉ាក iPhone ពណ៌ស ០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឺងចំនួន ០១គ្រឿង, អត្តសញ្ញាណប័ណ្ណចំនួន ០១ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

