(កណ្ដាល) ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិត ចំនួន ២៣ក្រុមហ៊ុន ដែលបានកំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺស្នើសុំបណ្តាក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិតទាំងអស់ ធ្វើកិច្ចសហការឱ្យបានល្អ ជិតស្និទជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឱ្យអស់ពីក្នុងមូលដ្ឋានខេត្តកណ្តាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងស្មារតីជាតិខ្មែរ ហើយគណៈបញ្ជាការឯកភាពខេត្ត នឹងនៅតែបន្តខិតខំអនុវត្តវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងបំផុត មិនលើកលែង និងឥតឈប់ឈរ ចំពោះសកម្មភាពខុសច្បាប់ទាំងនេះ។

ឯកឧត្ដមអភិបាលខេត្ត បានផ្តល់ណែនាំឱ្យក្រុមហ៊ុនផ្តល់សេវា Internet ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការតភ្ជាប់បណ្តាញជូនអតិថិជន ដែលមានសញ្ញាសង្ស័យដូចជា ការតភ្ជាប់នៅពេលយប់ខុសប្រក្រតី ការតភ្ជាប់ដោយលាក់លៀមដោយមិនបានជូនដំណឹងទៅក្រុមហ៊ុន ឬជំនាញដែលមានសមត្ថកិច្ច។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាន៍ទៀតថា ជាពិសេស ករណីការប្រើប្រាស់អ៊ីនធឺណិតចាប់ពី 100Mbps (Megabits per second) ឡើងទៅ ក្រុមហ៊ុនត្រូវផ្តល់ព័ត៌មានឱ្យបានរហ័ស ជាក់លាក់ ត្រឹមត្រូវអំពីអត្តសញ្ញាណ និងទីតាំងស្នើសុំច្បាស់លាស់ មកកាន់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីតាមដាន និងត្រួតពិនិត្យ។

ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ឧក្រិដ្ឋកម្មឆបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាអនទ្បាញ (Online Scams) បាននិងកំពុងរីករាលដាលយ៉ាងខ្លាំង និងបានគំរាមកំហែងដល់បណ្តាប្រទេសនានាលើសកលលោក មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាមួយប៉ុណ្ណោះទេ! បញ្ហា Online Scams នេះ បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ ទាំងលើវិស័យសេដ្ឋកិច្ចសង្គម និងមុខមាត់របស់ប្រទេសជាតិលើឆាកអន្តរជាតិ ហើយការបង្ក្រាបបទល្មើស Online Scams គឺជាឆន្ទៈពិតប្រាកដ មិនរាថយដាច់ខាតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងបោសសំអាត Online Scams នេះឱ្យអស់ពីកម្ពុជា៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed