សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ដែលបានបំពេញភារកិច្ចរបស់ខ្លួន ធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តិទៅបានដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាព។

ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណីតាមរយ:ការចូលរួមយ៉ាងល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ក្នុងការលេងល្បែង ប្រជាប្រិយ និងរាំរបាំបុរាណ រួមជាមួយនឹងការធ្វើបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មី តាមផ្ទះ វត្តអារាម និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត។

សូមថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមប្រចាំការ និងបំពេញភារកិច្ចរបស់ខ្លួន បម្រើឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ និងភ្ញៀវទេសចរណ៍ទាំងអស់។

ជាមួយគ្នានេះដែរ ក៏សូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្ម័គ្រចិត្តទាំងអស់ រួមទាំងបងប្អូនអ្នកអនាម័យ បរិស្ថាន អ្នកបើកបរ និងក្រុមការងារពាក់ព័ន្ធ ដែលបានធ្វើការលះបង់ ស្ម័គ្រចិត្តចូលរួមបម្រើការ សហការ និងរៀបចំព្រឹត្តិការនគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ និងសង្ក្រាន្តទូទាំងប្រទេស ក្នុងការលើកកម្ពស់វប្បធម៌ ប្រពៃណី ថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងបម្រើដល់ស្នាមញញឹមមហាគ្រួសារ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយ ជាមួយនឹងជួរមុខជាប់ជានិច្ច ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។

ក្នុងន័យនេះ សូមថ្លែងអំណរគុណផងដែរ ដល់វីរកងទ័ព ទាំងអស់ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់ នៅតាមផ្ទះបណ្តោះអាសន្នរាជរដ្ឋាភិបាលបានរៀបចំ ផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរត្រឡប់ទៅកាន់ទៅកន្លែងបំពេញការងារ មុខរបរទាំងអស់ សូមសមប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ សេវាកម្មរថយន្តក្រុងរបស់សាលារាជធានី ក៏នៅកំពុងបម្រើសេវាជូនដល់បងប្អូនដោយមិនគិតថ្លៃផងដែរ ដើម្បីចូលរួមចំណែកដើម្បីកាត់បន្ថយការចំណាយ និងសុខសុវត្ថិភាព៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed