ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺ ការបើកឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
សូមជម្រាបជូនថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ហើយបានប្រមូលធាតុចូលពីគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យនៅក្នុងប្រទេសយើង៕

