(ខេត្តកណ្តាល) ទីតាំងសំណង់កំពុងតែបានដំណើរការសាងសងយ៉ាងរឹងមាំ បំពានច្បាប់ចូលក្នុងទន្លេមួយកន្លែង ស្ថិតនៅក្នុងភូមិជ្រោយមេត្រី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មិនដឹងម្ចាស់ទីតាំងនេះជាអ្នកណា ធំប៉ុណ្ណា ទេីបបានជាហ៊ានធ្វេីការចាក់ដីនិងសាងសង់ជារបងរឹងមាំចូលក្នុងទន្លេយ៉ាងជ្រៅ ដោយមិនក្រែងភ្នែកប្រជាពលរដ្ឋ ព្រមទាំងមិនបានទុកអាជ្ញាធរស្រុក/ខេត្ត នៅក្នុងកែវភ្នែកសោះឡេីយបែបនេះ?
គួរបញ្ជាក់ផងដែរថា យោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖
ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។
យ៉ាងណាមិញ បើអ្នកកាន់កាប់ដីចូលជ្រៅជាងរយៈចម្ងាយដែលបានកំណត់ ប៉ុន្តែអ្នកកាន់កាប់មុនថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ពោលគឺមុនថ្ងៃដែលអនុក្រិត្យដាក់ឱ្យប្រើប្រាស់ ការកាន់កាប់នោះគឺស្របច្បាប់ ព្រោះច្បាប់មិនអនុវត្តថយក្រោយទេ។
យ៉ាងណាក្ដី ការកាន់កាប់ ឬការសាង់សង់ នៅលើដីចំណីមាត់ច្រាំង ឬ ឆ្នេរ នៅតំបន់រាជធានី ក្រុង ខេត្ត ឬតំបន់អភិវឌ្ឍនានា ក៏ត្រូវបានកំណត់តាមច្បាប់ និងបទបញ្ញត្តិផ្សេងៗថែមទៀតផងដែរ ដូចជាប្លង់គោលប្រើប្រាស់ដី ជាដើម ដូច្នេះអ្នកត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមួយមន្រ្តីពាក់ព័ន្ធ។
ពាក់ព័ន្ធការចាក់ដីរំលោភច្បាប់ចូលទន្លេនេះផងដែរ ប្រជាពលរដ្ឋឆ្ងល់ថា បេីសិនជាពួកគាត់ដែលជាប្រជាពលរដ្ឋសាមញ្ញ តេីអាចធ្វេីបែបនេះបានដែរឬទេ? ដូច្នេះប្រជាពលរដ្ឋក៏សូមសំណូមពរទៅដល់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអភិបាលខេត្ត មេត្តាពិនិត្យរាល់សំណង់បំពានច្បាប់ ដែលបានសាងសង់រំលោភចូលក្នុងទន្លេទាំងនោះផង ទាន៕




