(កំពង់ស្ពឺ)៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាយ៉ាងធ្ងន់ធ្ងរលើប្រពន្ធ ដោយវាយ ច្របាច់ក និងយកកាំបិតប៉័ងតោដេញកាប់ បង្កឱ្យជនរងគ្រោះរងរបួសជាច្រើនកន្លែង ក្រោយខឹងប្រពន្ធឆាត និងទូរស័ព្ទហៅឱ្យត្រឡប់មកផ្ទះ កុំឱ្យផឹកស្រាច្រើនពេក។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិយស់ជោ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ការឃាត់ខ្លួននេះដែរ ក្រោយទទួលព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) ពីជនរងគ្រោះ កម្លាំងនគរបាលស្រុក ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការដឹកនាំរបស់លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សយ សុខឃី អាយុ ៣៨ឆ្នាំ ដែលជាប្តី។
តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ចក់ សំណាង អាយុ ៣២ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ នាងបានឆាត និងទូរស័ព្ទហៅប្តីឱ្យត្រឡប់មកផ្ទះ ដោយគ្រាន់តែប្រាប់ថា «កុំផឹកស្រាច្រើនពេក ខូចសុខភាព»។ ប៉ុន្តែពេលប្តីត្រឡប់មកដល់ផ្ទះ ស្រាប់តែផ្ទុះកំហឹង បោកចានបាយ និងចានសម្លបែកខ្ទេច រួចចាប់ក្បាលប្រពន្ធបោក បោកទូរស័ព្ទ ច្របាច់ក និងវាយបណ្ដាលឱ្យរងរបួសលើដៃ និងស្មាខាងឆ្វេង។ បន្ទាប់មក ជនសង្ស័យបានយកកាំបិតប៉័ងតោដេញកាប់ក្នុងគោលបំណងប៉ុនប៉ងសម្លាប់ ប៉ុន្តែជនរងគ្រោះបានរត់គេចខ្លួនទៅសុំជំនួយពីអ្នកជិតខាង ហើយបានដួលទាក់បន្លាលួស បណ្តាលឱ្យរងរបួសបន្ថែម។
ក្រោយការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ពិតជាបានប្រើហិង្សាលើភរិយាដូចការចោទប្រកាន់មែន។ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន កាំបិតប៉័ងតោ ១ដើម ពូថៅ ១ដើម ក្បាលកែវបែក ១ ទូរស័ព្ទដៃ ១គ្រឿង និងកម្ទេចចានបែកជាច្រើន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីច្បាប់៕

