(កំពង់ស្ពឺ)៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូទៅបុកគោយន្តសណ្ដោងរ៉ឺម៉កដឹកឈើពីក្រោយ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចខាងកើតភ្នំតូច លើផ្លូវជាតិលេខ៤៤ (គីឡូម៉ែត្រលេខ៦៦-៦៧) ស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់ពីសមត្ថកិច្ច មុនពេលកើតហេតុ មានម៉ូតូ ១គ្រឿង ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សុខ រក្សា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករ៉ឺម៉កគោយន្តកន្ត្រៃដឹកកូនឈើពីក្រោយ ដែលកំពុងបើកបរស្របទិសគ្នា។
សមត្ថកិច្ច បានឱ្យដឹងដែរថា គោយន្តកន្ត្រៃនោះ ម៉ាក KUBOTA ពណ៌ក្រហម បើកបរដោយឈ្មោះ គ្រួត រីចក់ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដោយគ្រោះថ្នាក់នេះ បណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ អ្នកបើកគោយន្តបានទុកគោយន្តចោល ហើយរត់គេចខ្លួនបាត់។ ចំណែកវត្ថុតាងទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

