(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីគំរាមកំហែងថានឹងសម្លាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់ បន្ទាប់ពីជនសង្ស័យស្រវឹងស្រា ដកអាវុធភ្ជង់បុគ្គលិក និងបាញ់ឡើងលើចំនួន ៣គ្រាប់ នៅក្នុងបន្ទប់ខារ៉ាអូខេនៃមណ្ឌលកម្សាន្ត ផ្លាទីនឹម KTV ក្រុងសៀមរាប។
ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២៤៖៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ប្រតិបត្តិការឃាត់ខ្លួនធ្វើឡើងក្រោមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ ព្រំម ពិសិដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរទិញលក់រថយន្ត មានទីកន្លែងកំណើត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះលេខ៤៦A ផ្លូវ២៧៨ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមការសារភាព ជនសង្ស័យបានចូលទៅបន្ទប់ «ស្វាយលើ» នៃមណ្ឌលកម្សាន្ត ផ្លាទីនឹម KTV កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ដោយបានកុម្ម៉ង់ស្រាបៀរផឹក និងហៅបុគ្គលិកចំនួន ៥នាក់មកផឹកកំដរ។
លុះដល់ពេលស្រវឹងជោកជាំ ជនសង្ស័យបានដកអាវុធខ្លីភ្ជង់បុគ្គលិក និងបញ្ជាឱ្យដាក់ទូរសព្ទដៃ ព្រមទាំងវិទ្យុទាក់ទងចុះលើឥដ្ឋ ហើយគំរាមថា ប្រសិនបើមានអ្នកផ្តល់ព័ត៌មានទៅខាងក្រៅ ឬមានអ្នកមកបើកទ្វារបន្ទប់ នឹងបាញ់សម្លាប់ចោល។
បន្ទាប់មក នៅវេលាម៉ោងប្រមាណ ១៖០០នាទី រំលងអធ្រាត្រ ជនសង្ស័យបានយកអាវុធបាញ់ឡើងលើចំនួន ៣គ្រាប់ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។ ក្រោយមក ជនសង្ស័យបានរៀបចំបញ្ចូលគ្រាប់បន្ថែម ខណៈពេលនោះបុគ្គលិកម្នាក់បានឆ្លៀតឱកាសស្ទុះទៅប្រតាយប្រតប់ និងនាំគ្នារត់ចេញពីបន្ទប់។
ភ្លាមៗនោះ កម្លាំងនគរបាលដែលបានចុះអន្តរាគមន៍នៅកន្លែងកើតហេតុ បានចូលឃាត់ខ្លួនជនសង្ស័យបានដោយជោគជ័យ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ អាវុធខ្លីម៉ាក PRAHA លេខ Z516620 ចំនួន ១ដើម, បង់អាវុធ ១, គ្រាប់កាំភ្លើង ៤២គ្រាប់ (ក្នុងបង់ ៣គ្រាប់), ទូរសព្ទដៃ ២គ្រឿង និងសម្ភារៈមួយចំនួនទៀត។
តាមការបញ្ជាក់របស់ជនសង្ស័យ អាវុធខាងលើពុំមានប័ណ្ណសម្គាល់ ឬចុះបញ្ជីត្រឹមត្រូវឡើយ ខណៈគ្រាប់កាំភ្លើងត្រូវបានអះអាងថា ទិញពីហាងមួយកន្លែងនៅខាងលិចផ្សារថ្មី រាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣។
សមត្ថកិច្ចក៏បានធ្វើតេស្តរកសារធាតុញៀនតាមទឹកនោមលើជនសង្ស័យ ហើយលទ្ធផលបង្ហាញថា អវិជ្ជមាន។ ជនសង្ស័យក៏មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ៣ឆ្នាំ ៦ខែ ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ កាលពីឆ្នាំ២០១០។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

