(ព្រៃវែង-ស្វាយរៀង)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារវីរកងទ័ពពលី ក្នុងនោះខេត្តព្រៃវែងចំនួន ៥ខ្នង និងខេត្តស្វាយរៀងចំនួន ២ខ្នង។
ក្នុងឱកាសសំណេះសំណាលជាមួយក្រុមគ្រួសារវីរកងទ័ពពលី លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត ព្រមទាំងប្រសាសន៍សួរសុខទុក្ខ និងការយកចិត្តទុកដាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះក្រុមគ្រួសារនៃវីរកងទ័ពពលី។
ជាមួយគ្នានេះ ដើម្បីចូលរួមគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរកងទ័ព លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រួមមាន ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងបរិក្ខារចាំបាច់ផ្សេងៗ ប្រគល់ជូនដល់ក្រុមគ្រួសារ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារវីរកងទ័ពពលី ដែលបានលះបង់កម្លាំងកាយចិត្ត និងជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕
ខេត្តព្រៃវែង និងខេត្តស្វាយរៀង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦

