(កំពង់ស្ពឺ)៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការយកចិត្ដទុកដាក់ពីជំនាញស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក បានបញ្ជាឱ្យផ្នែកព្រហ្មទណ្ឌ សហការបង្ក្រាបក្មេងទំនើង ២ក្រុម ដែលបានដេញវាយគ្នា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៣ គីឡូម៉ែត្រ២៨ ផ្សារព្រៃទទឹង ភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍របស់សមត្ថកិច្ច ដោយផ្អែកតាមប្រភពបណ្ដាញសង្គមហ្វេសបុក ឈ្មោះ (សិត កញ្ញា) មានក្មេងទំនើង ២ក្រុមចំនួន ៨នាក់ បានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក។
ក្រោយទទួលបានព័ត៌មានពីប្រភពខាងលើភ្លាម សមត្ថកិច្ចនគរបាលបានស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន ៤នាក់ រួមមាន៖
ទី១-ឈ្មោះ តេង តួ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន
ទី២-ឈ្មោះ ម៉ៅ តុលា ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន
ទី៣-ឈ្មោះ ឈុន ឡេង ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន
ទី៤-ឈ្មោះ រ៉ន សារាម ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិដើមសេក ឃុំជ័យជោគ ស្រុកបូរីជលសា ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន។
តាមសមត្ថកិច្ច ចំពោះ ១ក្រុមទៀត ដែលមានបក្ខពួកចំនួន ៤នាក់ បានរត់គេចខ្លួន កំពុងបន្ដស្រាវជ្រាវតម្រុយ សមត្ថកិច្ចក្ដាប់បានអស់ហើយ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

