(ព្រះសីហនុ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ អនុវត្តតាមការណែនាំរបស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហនៅផ្ទះល្វែងចំនួន ១០ទីតាំង ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសម្ភារ និងឧបករណ៍អេឡិចត្រូនិកមួយចំនួន ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងរកឃើញជនបរទេសមួយចំនួនស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ។
វត្ថុតាងដែលសមត្ថកិច្ចបានដកហូត រួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន ៣០គ្រឿង និងទូរស័ព្ទដៃ ចំនួន ៨៥គ្រឿង។
ជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ២៥នាក់ ក្នុងនោះស្ត្រី ២នាក់ ដែលសុទ្ធសឹងជាជនជាតិចិន។ ក្នុងចំណោមនេះ មាន ១៤នាក់ សង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង ១១នាក់ទៀត ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕

